ប្រិយមិត្តមួយចំនួនប្រហែលពេលខ្លះមានការងឿងឆ្ងល់ហើយ ថាតើហេតុអ្វីបានជា Laptop ទើបទិញដំបូងប្រើកាន់ថ្មដូចជាបានយូរគ្រាន់បើដែរ តែក្រោយមកមិនបានប៉ុន្មានផងស្រាប់តែចាប់ចុះអន់ខ្សោយប្រើដូចជាឆាប់អស់ទៅៗ។ ឆ្ងល់នេះ គឺត្រឹមត្រូវហើយ ចុះតើហេតុអ្វី?
ចម្លើយមិនពិបាកយល់នោះទេ។ វាជារឿងធម្មតា ដែលកុំព្យូទ័រប្រើតែងតែស៊ីថាមពលថ្ម មុននិងក្រោយក៏ត្រូវតែអស់ ហើយបញ្ចូលឡើងវិញ។ តែបើប្រើឆាប់អស់នោះគឺអាស្រ័យលើកត្តាច្រើន ពោលគឺមិនដោយសារកម្រិតថាមពលថ្មតែមួយមុខនោះទេ។ ចំណុចបន្ទាប់បន្សំក្រៅពីគុណភាពថ្មហើយនោះ គឺស្ថិតនៅត្រង់តំហែទាំថ្មតាមរបៀបជាច្រើន។ ប្រសិនប្រិយមិត្តចេះវិធីថែទាំថ្ម Laptop ខ្លះៗ វាមិនត្រឹមតែធ្វើឱ្យ Laptop របស់អ្នកកាន់ថ្មបានយូរទេ តែថែមទាំងធ្វើមិនឱ្យវាងាយឆាប់ខូចថ្មទៀតផង។
ចុងសប្ដាហ៍នេះ Sabay នឹងលើកយកពីវិធីសាស្ត្រខ្លះៗក្នុងការថែទាំថ្មឱ្យប្រើបានយូរ និងកាត់បន្ថយការស៊ីថាមពលខ្លាំងដូចខាងក្រោម៖
១ ដំបូងយើងអាចធ្វើការ Defrag ដើម្បីឱ្យ Hard Drive ធ្វើការតម្រៀប file ដែលនៅកន្លែងផ្សេងគ្នាទៅតាម Blog និងតាមប្រភេទ file ដែលស្ថិតនៅក្នុង Sector នីមួយៗក្នុង Hard Drive។ ធ្វើដូច្នេះគឺដើម្បីងាយស្រួល search រកអ្វីមួយបានលឿន។ ពីព្រោះមិនថាកម្មវិធី ឬ Windows នោះទេគឺតែងទៅស្វែងរក file បន្ថែមដែលគាំទ្រឱ្យកម្មវិធី ឬប្រព័ន្ធប្រតិបត្តិការអាចប្រព្រឹត្តិទៅបាន។ ចុះហេតុអ្វីបានជាត្រូវការតម្រៀប?
ជារឿងធម្មតាទេ លើ Hard Disk តែងមានការ Copy ចូលក៏តែងមានការ Delete ផងដែរ។ ការលុបទៅវិញនោះហើយ ដែលធ្វើឱ្យ sector ដែលផ្ទុកនៅសល់ចន្លោះទំនេរទើបធ្វើឱ្យ blog រក្សាទិន្នន័យមានចន្លោះទំនេរ ហើយទម្រាំ Windows ឬកម្មវិធីទៅស្វែងរកឃើញចប់សព្វគ្រប់គឺត្រូវចំណាយពេលយូរ ដែលជាហេតុមួយធ្វើឱ្យមានការចំណាយថាមពលថ្មច្រើន។ (ចំណាំ៖ នៅពេល Defrage សូមដោត Plug Adapter ដើម្បីកុំឱ្យវាទាញថាមពលពីថ្មខ្លាំងនាំឱ្យឆាប់ខូច)។
២ កុំដាក់ឱ្យមានកម្មវិធី Run នៅលើ Background ច្រើនពេកដូចជា Wallpaper ដែលមានចលនា ព្រោះនាំឱ្យដំណើរការ CPU ខ្លាំង ដែលនេះក៏ជាចំណុចមួយធ្វើឱ្យការប្រើប្រាស់ថ្មបានរយៈពេលយូរដែរ។
៣ បើចង់ផ្អាកប្រើ Laptop បណ្ដោះអាសន្នគួរប្រើ Hibernate កុំប្រើ Standby ឬ Sleep។ ការប្រើ Standby ឬ Sleep នៅពេលទុកវាចោល Hardware មួយចំនួនធំនៅតែដំណើរការ ដោយឡែកប្រើ Hibernate ជាជម្រើសល្អជាងព្រោះអាចបិទដំណើរការបាន។ នេះក៏អាចចាត់ទុកជាវិធីសាស្ត្រល្អមួយជួយឱ្យថ្មប្រើបានយូរ និងជៀសវាងឆាប់ខូចថ្ម ឬអាចឈានដល់ប៉ះពាល់ Hardware ទៀតផង។
៤ សាមញ្ញមួយទៀតគឺថា នៅពេលអ្នក Copy ទិន្នន័យអ្នកអាចបិទ Screen Laptop ដើម្បីកុំឱ្យយកថាមពលមកប្រើលើអេក្រង់ដែលយើងពុំត្រូវការធ្វើអ្វីផងនោះ ព្រោះវាស៊ីថ្មចោលអត់ប្រយោជន៍។ អ្នកក៏អាចចូលទៅ Manage Power Option ដើម្បីកំណត់រយៈពេលឱ្យកម្រិតពន្លឺអេក្រង់ (Brightness) របស់វាមិនសូវភ្លឺ ក្នុងរយៈពេលណាមួយ ឧទាហរណ៍រយៈពេល ៥នាទី។
៥ Multi Task៖ គួរចៀសវាងការបើកកម្មវិធីច្រើនក្នុងពេលតែមួយ ទាំងដែលកម្មវិធីខ្លះមិនប្រើផងនោះ។ ព្រោះការបើកកម្មវិធីច្រើនធ្វើឱ្យ CPU ដំណើរការខ្លាំង ហើយ RAM ក៏បន្ថែមបន្ទុកនៃទំហំកាន់តែច្រើនដែលមិនត្រឹមធ្វើឱ្យថ្មឆាប់មានបញ្ហាទេ តែក៏ឆាប់បណ្ដាលឱ្យ CPU និង RAM ឆាប់ចុះខ្សោយនិងអាចឈានរហូតដល់ខូចបាន។
៦ គួរដំណើរការកម្មវិធីលើ Hard Drive ជាជាងលើ CD ឬ DVD ROM ព្រោះនេះក៏អាចធ្វើឱ្យ CPU ដំណើរការខ្លាំង ដោយសារ Device ផ្សេង។ ម្យ៉ាងទៀត ប្រសិនចង់ដំឡើង Windows គួរ Set up ចេញពី flash ក៏បានព្រោះចំណាយថាមពលថ្មតិចជាងតាម CD ROM។
៧ កាត់បន្ថយការដោត External Hard Drive, USB និង Mouse ព្រោះទាំងនេះក៏ជាចំណែកធ្វើឱ្យមានការប្រើប្រាស់ថ្មខ្លាំង ព្រោះពេលដោត វាត្រូវការថាមពលមួយចំនួនដើម្បីអាចដំណើរការបាន។
No comments:
Post a Comment