លោកប្រធាន សម រង្ស៊ី បានបញ្ជាក់រួចហើយថា យុទ្ធនាការការទូតនៅក្រៅប្រទេសដែលមានរយៈពេលជាង ២សប្តាហ៍នេះលោកនឹងព្យាយាមឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកសភា អ្នកនយោបាយដ៏មានឥទ្ធិពល ក៏ដូចជាអង្គការអន្តរជាតិ និងម្ចាស់ជំនួយសំខាន់ៗ នៅប្រទេសអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ដើម្បីពន្យល់នូវរឿងរ៉ាវពិតប្រាកដ ពាក់ព័ន្ធស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានវិបត្តិធ្ងន់ធ្ងរក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៥ ដែលពោរពេញដោយភាពមិនប្រក្រតី និងការលួចបន្លំសន្លឹកឆ្នោត។ មានសញ្ញាវិជ្ជមានពីសហគមន៍អន្តរជាតិរួចទៅហើយ ក្នុងការទាមទារឲ្យគណបក្សប្រជាជនកម្ពុជា ជួបចរចាដោះស្រាយបញ្ហាជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការបង្កើតគណៈកម្មការចម្រុះ ដែលមានលក្ខណៈឯករាជ្យ ដើម្បីធ្វើការស៊ើបអង្កេតដោះស្រាយភាពមិនប្រក្រតី ទាក់ទិននឹងការបោះឆ្នោត ដូច្នេះប្រសិនបើគ្មានគណៈកម្មការឯករាជ្យស្វែងរកការពិត និងយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរជាម្ចាស់ឆ្នោតទេនោះ សហគមន៍អន្តរជាតិច្បាស់ជាមិនទទួលស្គាល់រដ្ឋសភា ឬរដ្ឋាភិបាលដែលកើតចេញពីការលួចបន្លំសន្លឹកឆ្នោតជាដាច់ខាត។
មានមតិជាច្រើនបានលើកឡើងថា បេសកកម្មការទូតរបស់លោកប្រធាន សម រង្ស៊ី នៅក្រៅប្រទេសដើម្បីទាក់ទាញការគាំទ្រពីសហគមន៍អន្តរជាតិ ឲ្យព្យួរជំនួយ ផ្អាកការផ្តល់ប្រាក់កម្ចី និងកុំទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ គឺជារឿងស្របច្បាប់និងជាមធ្យោបាយសន្តិវិធី ព្រោះប្រទេសកម្ពុជាដ៏តូចមួយគ្មានគ្រឹះសេដ្ឋកិច្ចរឹងមាំ មិនអាចក្រអឺតក្រទមដាក់សហគមន៍អន្តរជាតិបានទេ ហើយទីបំផុតការក្រាញអំណាចរបស់លោក ហ៊ុន សែន តាមរយៈការប្រើប្រាស់លទ្ធផលបោះឆ្នោតលួចបន្លំ នឹងគ្មានដំណើរការយូរអង្វែងនោះទេ។ ក្រុមអ្នកវិភាគជាច្រើនបានមើលឃើញថា ការស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងធ្វើនៅពេលនេះ គឺជាសកម្មភាពស្របច្បាប់និងជាទង្វើធម្មតារបស់ប្រទេសនីមួយៗ ជាសមាជិករបស់អង្គការសហប្រជាជាតិ។
គេមើលឃើញថា ទាំងគណបក្សប្រជាជនកម្ពុជា ដែលចាញ់ឆ្នោតហើយបន្តក្រាញអំណាច ក៏ដូចជាគណបក្សសង្គ្រោះជាតិ ដែលឈ្នះឆ្នោត មានការគាំទ្រពីប្រជារាស្ត្រខ្មែរ ច្រើនជាងមួយចំហៀងប្រទេស កំពុងព្យាយាមតាមគ្រប់មធ្យោបាយដើម្បីការពារជ័យជំនះរបស់ខ្លួន ហើយវាជាតួនាទីរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវតែធ្វើតាមគ្រប់មធ្យោបាយដើម្បីការពារឆន្ទៈប្រជារាស្ត្រ ជាម្ចាស់ឆ្នោត ដូចជាការរៀបចំមហាបាតុកម្មអហិង្សា ការតស៊ូមតិតាមផ្លូវច្បាប់ ទាមទារឲ្យស៊ើបអង្កេតដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត តាមរយៈការបង្កើតគណៈកម្មការដើម្បីស្វែងរកការពិតមួយ ប៉ុន្តែការទាមទាររបស់គណបក្សសង្គ្រោះជាតិ មិនទាន់បានជោគជ័យនៅឡើយទេ។ ដូច្នេះបេសកកម្មការទូតដ៏មានតម្លៃរបស់លោកប្រធាន សម រង្ស៊ី រយៈពេលជាង២សប្តាហ៍នេះ ត្រូវបានធ្វើឡើងក្នុងកាលៈទេសៈមួយ កំពុងអំណោយផលទន្ទឹមពេលដែលរាស្ត្រខ្មែរនៅក្នុងប្រទេសកម្ពុជា បានគ្រោងមកចូលរួមក្នុងមហាបាតុកម្មនៅថ្ងៃទី២៣ ខែតុលា ចំពេលនៃការប្រារព្ធខួបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ផងដែរ។
កាយវិការក៏ដូចជាសេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិ មានដូចជា សហភាពអឺរ៉ុប អាមេរិក និងបណ្តាប្រទេសប្រជាធិបតេយ្យជាច្រើន គឺជារឿងត្រឹមត្រូវនិងស្របច្បាប់ មិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា ដូចដែលមន្ត្រីរដ្ឋាភិបាលមួយចំនួនបានលើកឡើងនោះទេ ព្រោះសហគមន៍អន្តរជាតិមានកាតព្វកិច្ចធានាចំពោះដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា សំដៅឲ្យមានការកែទម្រង់ដ៏ស៊ីជម្រៅមួយ ហើយការចរចាផ្នែកនយោបាយត្រូវតែធ្វើដោយតម្លាភាព។ អ្វីដែលគណបក្សសង្គ្រោះជាតិ កំពុងធ្វើនៅពេលនេះ គឺជាយុទ្ធសាស្ត្រស្វែងរកជ័យជំនះដោយសន្តិវិធី ដោយអហិង្សា ចៀសវាងនូវការបង្ហូរឈាមដូចដែលលោកប្រធាន សម រង្ស៊ី បានបញ្ជាក់ថា មេទ័ពដែលខ្លាំងពូកែ គឺអាចទទួលបានជ័យជំនះនៅគ្រប់សមរភូមិដោយមិនចាំបាច់ផ្ទុះអាវុធសូម្បីតែមួយគ្រាប់ ហើយតាមរយៈសញ្ញាវិជ្ជមានពីសហគមន៍អន្តរជាតិ ដែលកំពុងទាមទារឲ្យស៊ើបអង្កេតដោះស្រាយភាពមិនប្រក្រតី ទាក់ទិននឹងការបោះឆ្នោតដោយឯករាជ្យ និងតម្លាភាពនោះ លោកប្រធាន សម រង្ស៊ី ជឿជាក់ថា បេសកកម្មការទូតក៏ដូចជាមធ្យោបាយអហិង្សាដើម្បីការពារជ័យជំនះរបស់គណបក្សសង្គ្រោះជាតិអាចទទួលបានជោគជ័យធំធេង។
លោកប្រធាន សម រង្ស៊ី បានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិ មិនមែនជាក្រុមឧទ្ទាម ឬជាកម្លាំងប្រដាប់អាវុធ ទៅប៉ុនប៉ងផ្តួលរំលំអំណាចបក្សប្រជាជនកម្ពុជានោះទេ គឺគណបក្សសង្គ្រោះជាតិមានតែសន្លឹកឆ្នោត មានតែការគាំទ្ររបស់ប្រជារាស្ត្រខ្មែរជាម្ចាស់អំណាច ក្នុងការតតាំងជាមួយបក្សប្រជាជនកម្ពុជា ដែលក្តោបក្តាប់ទាំងស្រុងនូវប្រព័ន្ធផ្សព្វផ្សាយ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ នៅតែមានទឹកចិត្ត និងការតស៊ូយ៉ាងស្វិតស្វាញដើម្បីស្វែងរកជ័យជំនះ និងការពារឆន្ទៈរបស់រាស្ត្រខ្មែររាប់លាននាក់ដែលស្រេក ឃ្លានក្នុងការផ្លាស់ប្តូរមេដឹកនាំថ្មី គឺយើងកំពុងតែឆ្ពោះទៅមុខ មិនបកក្រោយឡើយ ធ្វើទាល់តែសម្រេចជោគជ័យក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនប្រជា រាស្ត្រខ្មែរជាម្ចាស់ឆ្នោត។
គណបក្សប្រជាជនកម្ពុជាមួយរយៈចុងក្រោយនេះ បានប្រើអំណាចសិប្បនិម្មិតរបស់ខ្លួន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគំរាមកំហែង បំបាក់ស្មារតី ប្រជារាស្ត្រខ្មែរទូទៅក្នុងការប្លន់យកជ័យជំនះពីគណបក្សសង្គ្រោះជាតិ ហើយគេរៀបចំបើកកិច្ចប្រជុំសភាឯកបក្ស ឈានដល់ការបង្កើតរដ្ឋាភិបាលដែលផ្ទុយពីគោលការណ៍នៃរដ្ឋធម្មនុញ្ញ គឺជារដ្ឋាភិបាលមួយដែលលោកប្រធាន សម រង្ស៊ី អះអាងថាគ្មានភាពស្របច្បាប់និងគ្មានការគាំទ្រពីសហគមន៍អន្តរជាតិ។ គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថាតើបក្សប្រជាជនកម្ពុជា ដែលលួចក្តីសង្ឃឹម លួចឆន្ទៈរបស់ប្រជារាស្ត្រខ្មែរទូទៅ អាចដំណើរការរដ្ឋាភិបាលមិនពេញលក្ខណៈច្បាប់របស់ខ្លួនដល់ពេលណា ព្រោះសហគមន៍អន្តរជាតិមិនទទួលស្គាល់ ហើយនៅពេលខាងមុខអាចនឹងមានការដកប្រព័ន្ធអនុគ្រោះពន្ធ និងការបិទទីផ្សារនាំចេញផលិតផលកាត់ដេរទៅកាន់សហភាពអឺរ៉ុប និងអាមេរិក ដែលពេលនោះកម្ពុជា មិនត្រឹមតែប្រឈមនឹងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនោះទេ គឺអាចជួបហានិភ័យផ្នែកសេដ្ឋកិច្ចឈានដល់ការកើតមានវិបត្តិសង្គមគួរឲ្យព្រួយបារម្ភ ហើយវិបត្តិអស់ទាំងនេះ នឹងក្លាយជាជំងឺរ៉ាំរ៉ៃក្នុងការសម្លាប់រដ្ឋាភិបាលមិនស្របច្បាប់។
លោកប្រធាន សម រង្ស៊ី កំពុងតែប្រើប្រាស់អំណាចរបស់ប្រជារាស្ត្រដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ដែលជាសំឡេងពិត ជាអំណាចពិត ដូច្នេះសហគមន៍អន្តរជាតិ មើលឃើញកាន់តែច្បាស់ពីកម្លាំងនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលគណបក្សប្រជាជនកម្ពុជា មិនអាចមើលរំលងបានឡើយ។ សម្រាប់បេសកកម្មដ៏មានតម្លៃនៅក្រៅប្រទេសរបស់លោកប្រធាន សម រង្ស៊ី ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា វិបត្តិនយោបាយដ៏ស្មុគស្មាញនៅពេលនេះកំពុងផ្តល់ផលប្រយោជន៍សម្រាប់ប្រជារាស្ត្រខ្មែរទូទៅ ដោយសារតែពួកគេបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រមុខដឹកនាំដ៏ឧត្តុង្គឧត្តម មានគោលជំហររឹងដូចដែក គេទិញមិនលក់ គេសម្លុតមិនខ្លាច នៅតែស្មោះស្ម័គ្រគោរពឆន្ទៈរបស់ប្រជារាស្ត្រខ្មែរទូទៅ។ ដោយសារមានការគាំ ទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់រាស្ត្រខ្មែរ រួមផ្សំជាមួយសំឡេងគាំទ្ររបស់សហគមន៍អន្តរជាតិថែមទៀតនោះ គេជឿជាក់ថាសំណើរបស់លោកប្រធាន សម រង្ស៊ី នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ និងម្ចាស់ជំនួយសំខាន់ៗ ហើយច្បាស់ណាស់ដែលថា សហគមន៍អន្តរជាតិនឹងដាក់ទណ្ឌកម្មឬសម្ពាធណាមួយមកលើអ្នកកាន់អំណាចនៅស្រុកខ្មែរឲ្យគោរពឆន្ទៈប្រជារាស្ត្រ ដែលជាម្ចាស់ឆ្នោតជាមិនខាន៕
No comments:
Post a Comment